(ហ្ស៊កដានី)៖ កីឡាករតេក្វាន់ដូជម្រើសជាតិកម្ពុជា វ៉ា មិថុនា បានធ្លាក់ពីការប្រកួតជម្រុះអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ ដែលលើកមកឆ្នាំ២០២១ នេះហើយ បន្ទាប់ពីប្រកួតចាញ់កីឡាករឆាយនីសតៃប៉ិ Liu Wei-ting ដោយលទ្ធផល ៣៨-៤ពិន្ទុនារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នៅប្រទេសហ្ស៊កដានី។
វ៉ា មិថុនា បានប្រកួតលើវិញ្ញាសាទម្ងន់ក្រោម ៨០គីឡូក្រាមដោយចាប់ឆ្នោតជួបកីឡាករឆាយនីសតៃប៉ិ Liu Wei-ting តែក្រោយឆ្លងកាត់ការប្រកួតនារសៀលថ្ងៃសុក្រនេះ មិថុនា មិនអាចឈានទៅវគ្គបន្ដ ដើម្បីមានឱកាសដណ្ដើមកៅអីអូឡាំពិក ក្រុងតូក្យូឡើយ បន្ទាប់ពីបរាជ័យក្នុងលទ្ធផល ៣៨-៤ពិន្ទុ។
យ៉ាងណាមិញកម្ពុជានៅសល់កីឡាការិនីមួយរូបទៀត ដែលត្រូវប្រកួតជម្រុះលើប្រភេទកីឡាតេក្វាន់ដូ WT គឺកីឡាការិនីខ្មែរ-អាមេរិក ថិប កាសាន់ទ្រីនីកូល ដែលកញ្ញានឹងត្រូវចាប់ឆ្នោតគូប្រកួតថ្ងៃនេះ ហើយត្រូវធ្វើការប្រកួតនាថ្ងៃទី២២ ខែឧសភាស្អែក ក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក ឆយ យ៉ុងសុក។
សូមបញ្ជាក់ថា ការប្រកួតជម្រុះកីឡាអូឡាំពិកឆ្នាំនេះ កម្ពុជាបានបញ្ជូនអត្តលិក ២ប្រភេទកីឡា ដើម្បីដណ្ដើមសិទ្ធិចូលរួមប្រកួតកីឡាអូឡាំពិក ក្រុងតូក្យូ រួមមានកីឡាគុនដាវ និងកីឡាតេក្វាន់ដូ WT ប៉ុន្ដែកីឡាគុនដាវ បានបញ្ចប់ការប្រកួតជម្រុះរួចហើយ កាលពីថ្មីៗដោយធ្លាក់ពុំបានឡើងវគ្គបន្ដនោះទេ៕







0 comments:
Post a Comment